រដ្ឋបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំពង្រឹងការគ្រប់គ្រង និងការទទួលខុសត្រូវលើគេហទំព័រ Facebook ផ្លូវការរបស់អង្គភាពចំណុះ - កញ្ច្រៀចសែនជ័យ ដេលី

Breaking

Thursday, December 17, 2020

រដ្ឋបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំពង្រឹងការគ្រប់គ្រង និងការទទួលខុសត្រូវលើគេហទំព័រ Facebook ផ្លូវការរបស់អង្គភាពចំណុះ

ប៉ៃលិន៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន ក្នុងនាមឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រង គេហទំព័រ Facebook ផ្លូវការ និងការទទួលខុសត្រូវ ឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់អង្គភាពស្ថាប័នចំណុះ ក្នុងការបម្រើសេវានានា និងដោះស្រាយបញ្ហា ព្រមទាំងសំណូមពរជូនប្រជាពលរដ្ឋបានទាន់វេលា។ 


ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំនាពេលនេះ គឺមានគោលបំណងពង្រឹងការគ្រប់គ្រង និងការទទួលខុសត្រូវ ចំពោះគេហទំព័រ Facebook ផ្លូវការ របស់ស្ថាប័នអង្គភាព ដើម្បីរួមគ្នា តាមដានព័ត៌មានសំខាន់ៗ និងការចែករំលែកបន្ត ឱ្យបានផុលផុស ជាពិសេសគឺរួមគ្នាតាមដាននូវរាល់សំណូមពរនានារបស់ប្រជាពលរដ្ឋ ដែលបានបញ្ចេញមតិ តាមរយៈការផ្ញើសារ និងចូលខមិន ទៅកាន់ផេកហ្វេសបុកផ្លូវការរបស់អង្គភាពនីមួយៗ ហើយត្រូវធ្វើការឆ្លើយតបបកស្រាយ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។


ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ម្យ៉ាងវិញទៀត គេហទំព័រ Facebook ផ្លូវការ របស់អង្គភាពនីមួយៗ ត្រូវចូលរួមគាំទ្រ និងផ្សព្វផ្សាយបន្តនូវរាល់ព័ត៌មានសំខាន់ៗរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការផ្តល់សេវា និងការគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់ទីកន្លែងទូទាំងប្រទេស ក្រោមម្លប់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។


ក្នុងឱកាសផងដែរនោះ ឯកឧត្តម ធូ ភា ក៍បានមានប្រសាសន៍ ជំរុញដល់ក្រុមការងារទទួលបន្ទុកហទំព័រ Facebook ផ្លូវការ របស់ស្ថាប័នអង្គភាពនីមួយៗ ត្រូវពង្រឹងការអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួន ឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដោយត្រូវតាមដាន និងផ្សព្វផ្សាយចែករំលែកព័ត៌មាន ស្តីពីការផ្តល់សេវា និងសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត និងអង្គភាពរបស់ខ្លួនអោយបានជាប្រចាំផងដែរ។


សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនាឱកាសនោះ មានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្ត និងអង្គភាពចំណុះ ដូចជា៖ ស្នងការដ្ឋាននគរបាលខេត្ត រដ្ឋបាលក្រុង/ស្រុក និងអធិការដ្ឋាននគរបាលក្រុង/ស្រុកផងដែរ៕









 

No comments:

Post a Comment

Pages